Bad-breath-&-preventive

ការប្រាស្រ័យទាក់ទងគ្នានឹងគ្នា ពិតជារឿងសំខាន់ណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ហេតុនេះយើងពុំគួរបណ្តោយឲ្យកើតមានក្លិនមិនល្អចេញពីមាត់នៅពេលដែលសន្ទនាគ្នានោះទេ វាជារឿងមួយគួរឲ្យខ្មាសអៀនណាស់។ តើយើងអាចកាត់បន្ថយក្លិននេះដោយរបៀបណា?

មូលហេតុដែលបណ្តាលឲ្យមានក្លិនមិនល្អ

បញ្ហាក្លិនមាត់ គឺចាប់ផ្តើមចេញពីការដុសសម្អាតធ្មេញមិនបានត្រឹមត្រូវស្អាតល្អ។ ការបន្សល់ទុកនូវកាកសំណល់អាហារ នៅលើផ្ទៃនៃគល់អណ្តាត នៅតាមចន្លោះធ្មេញ និងនៅដក់ក្រោមអញ្ចាញធ្មេញ គឺមាន ន័យថាអ្នកកំពុងតែទុកនូវកាកសំណល់ទាំងនេះ សម្រាប់ចិញ្ចឹមពពួកមេរោគរាប់សិបលាន (មេរោគនេះ គឺតែងតែមាននៅក្នុងមាត់យើងជាប្រចាំពីធម្មជាតិ)។

USA, New Jersey, Jersey City, Close-up of woman brushing teeth

ផ្ទុយទៅវិញ ពពួកមេរោគទាំងនេះ បែរជាផ្តល់ទុក្ខទោសដល់យើងវិញ តាមរយៈក្លិនអសោចដែលបានមកពីការបញ្ចេញចោលនូវកាកសំណល់ និងសារធាតុគីមីរបស់វា។

ជាទូទៅមនុស្សតែងកើតមានបញ្ហាមាត់ស្ងួត (ប្រេះ ឬក្រៀមបបូរមាត់) ជាញឹកញាប់ ឬម្តងម្កាល។
មាត់ស្ងួតគឺមិនមែនកើតឡើងដោយខ្លួនវានោះទេ ប៉ុន្តែវាបង្ហាញថា ក្នុងខ្លួនរបស់យើងមានបញ្ហាអ្វីមួយដែលជះឥទ្ធិពលដល់ការបញ្ចេញទឹកមាត់។

ទឹកមាត់មានសារៈសំខាន់ណាស់ ចំពោះសុខភាពមាត់ធ្មេញព្រោះវាមានតួនាទី៖

  • ជាអ្នកលាងសំអាតនូវចំណីអាហារពីក្នុងមាត់របស់យើង
  • ផលិតអង់ស៊ីមដែលជួយដល់ការរំលាយអាហារ
  • កាកសំណល់អាហារដែលតោងជាប់ធ្មេញ វានឹងបំលែងទៅជាអាស៊ីដ ក្រោយរយៈពេល៦ម៉ោង ដូច្នេះទឹកមាត់មានសមត្ថភាព ផ្តល់សំណើម រក្សាស្ថេរភាព pH និងកម្រិតអាស៊ីតក្នុងមាត់
  • បង្កើនអុកស៊ីសែន ដើម្បីរក្សាជាលិកាក្នុងមាត់អោយមានសុខភាពល្អ និងស្រស់ថ្លាបង្កើតជាតិកាល់ស្យូម និងផូស្វាតការពារមិនអោយធ្មេញខូច
  • បង្កើន ក្លិន និងរសជាតិក្នុងមាត់

ដូច្នេះប្រសិនបើមាត់អ្នកស្ងួត គឺអ្នកអាចប្រឈមនឹងការមានក្លិនមាត់។ ការប្រើប្រាស់ថ្នាំមួយចំនួន ការដកដង្ហើមតាមមាត់ និង ការជក់បារីសុទ្ធតែ នាំឲ្យមាត់យើងស្ងួត។ ការបង្ករោគដោយសារមានជម្ងឺពុកធ្មេញ ជម្ងឺរលាកអញ្ចាញធ្មេញ និងជម្ងឺពងបែកក្នុងមាត់ ក៏ជាកត្តារួមផ្សំផងដែរ។

ម្យ៉ាងវិញទៀត ប្រសិនបើអ្នកទើបនឹងមានការដកធ្មេញ ឬវះកាត់នៅក្នុងមាត់ អ្នកក៏អាចនឹងកើតមានបញ្ហាក្លិនមាត់មិនល្អផងដែរ។ ចំណុចសំខាន់ដែល អ្នកត្រូវតែដឹងនោះ គឺការប្រមូលផ្តុំនូវពពួកបាក់តេរីក្នុងមាត់ភាគច្រើន វាកើតឡើងនៅលើកំណកកំបោរធ្មេញស្អិតៗ ដែលដុសមិនបានស្អាត ហើយក្រុមមេរោគនេះ គឺបង្កឲ្យមានក្លិនមាត់ខ្លាំងបំផុត។

Man drinking whisky and smoking

ម្ហូបអាហារមួយចំនួន ជាពិសេសគឺខ្ទឹម ក៏ជាសារធាតុបណ្តាលឲ្យជះក្លិនយ៉ាងខ្លាំងពីក្នុងខ្លួនយើងផងដែរ។ ពេលយើងបរិភោគអាហារប្រភេទនេះចូលទៅ វាត្រូវការពេលយ៉ាងតិច ២៤ម៉ោង ដើម្បីរុញច្រានសារធាតុគីមីទាំងនេះអោយចេញតាមរយៈការបញ្ចេញញើស ការដកដង្ហើមទំរាំតែលាងសម្អាតចេញអស់ពីរាងកាយយើង។

អាហារដែលសម្បូរជាតិសាច់ និងស្ករច្រើន ក៏សុទ្ធតែរួមចំណែកបង្កអោយមានបញ្ហាក្លិនមាត់នេះផងដែរ។ ម្យ៉ាងវិញទៀតការធុំក្លិន មាត់អាចជះឥទ្ធិពលមកពីការរលាកនៃជាលិកាជុំវិញច្រមុះដូចជា ៖

  • បំពង់ក និងសួត
  • តំណក់ទឹករងៃហូរពីច្រមុះ
  • ការជក់បារី ឬប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណ
  • ស្រេ្តស និងការធុញថប់
  • ការខ្សោះជាតិទឹក
  • ដំបៅមាត់រ៉ាំរ៉ៃ ឬដំបៅអណ្តាត
  • ប្រហោងធ្មេញ ឬការដាក់ធ្មេញ
  • ជម្ងឺរលាកប្រពន្ធ័រំលាយអាហារផងដែរ។

វិធីកម្ចាត់ក្លិនមាត់

នៅពេលដែលអ្នករកឃើញថា បញ្ហាក្លិនមាត់របស់អ្នកបណ្តាលមកពីប្រភពអ្វីច្បាស់លាស់ហើយនោះ គឺយើងអាចរកដំណោះស្រាយបានប្រហែល ៥០ភាគរយ ប៉ុន្តែអាវុធដ៏សំខាន់បំផុតនោះ គឺត្រូវតែដុសធ្មេញឲ្យបានស្អាត និងត្រឹមត្រូវ ហើយត្រូវពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់ ៦ខែម្តង។

Check up every 6 month

ការថែទាំមាត់ធ្មេញស្អាតជាប្រចាំ គឺបានន័យថាយើងមិនទុកឱកាសឲ្យ មេរោគមានទីជំរករស់នៅនោះទេ ដូច្នេះអ្នកក៏មិនប្រឈមនឹងបញ្ហារោគ ពុកធ្មេញ និងជម្ងឺរលាកជាលិកាជុំវិញធ្មេញផងដែរ។ សមាគមទន្តពេទ្យអាមេរិក បានផ្តល់ការណែនាំថា ការដុសធ្មេញជាមួយ ថ្នាំដុសធ្មេញដែលមានជាតិផ្លអររ៉ាយបន្ទាប់ពីញុំាអាហាររួច ព្រមទាំងសម្អាតចន្លោះធ្មេញជាមួយអំបោះទាក់ធ្មេញ បន្ថែមពីលើនេះទៀតគឺការដុសសម្អាតគល់អណ្តាត ដើម្បីកំចាត់បណ្តុំមេរោគ។ ប្រសិនបើអ្នកមានពាក់នូវធ្មេញស្និត ឬប្រភេទធ្មេញដែលដោះចេញបាន គឺត្រូវតែដោះវាចេញ ដើម្បី ធ្វើការដុសសម្អាតវា ជាមួយច្រាសដុសធ្មេញជារៀងរាល់យប់ មុនពេលចូលគេង មុននឹងអ្នកយកវាមកពាក់ម្ដងទៀតនៅព្រឹកបន្ទាប់។

មុននឹងអ្នកសំរេចចិត្តទិញឧបករណ៍សម្រាប់ថែទាំសុខភាពមាត់ធ្មេញ ត្រូវតែពិនិត្យមើលតែមដែលមានបិទនៅលើផលិតផល បញ្ជាក់ពីការទទួលស្គាល់ពីសមាគមទន្តពេទ្យអាមេរិក ឬអឺរ៉ុបដើម្បីធានានូវសុវត្ថិភាពនិងប្រសិទ្ធិភាព។

therabreath-products

ប្រសិនបើអ្នកសង្កេតឃើញថាមាត់កាន់តែស្ងួតខ្លាំង គួរតែពិសាទឹកឲ្យបានច្រើន ឬទំពារស្ករកៅស៊ូដែលពុំមានជាតិស្ករ។ នៅតាមឱសថស្ថានខ្លះមានលក់ថ្នាំជំនួយក្នុងការភ្ញោចបង្កើនទឹកមាត់។

សរុបសេចក្តីមក ប្រសិនបើអ្នកនៅតែមិនអាចរកដំណោះស្រាយបាន គឺត្រូវទៅជួបគ្រូពេទ្យធ្មេញដើម្បីធ្វើការពិនិត្យ និងប្រមូលនូវព័ត៌មានផ្សេងៗ ដូចជាឈ្មោះថ្នាំ និងអាហារបំប៉នដែលអ្នកកំពុងតែប្រើប្រាស់ វាអាចជួយឲ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា តើមូលហេតុបង្កមកពីបញ្ហាមាត់ធ្មេញ ឬក៏ពាក់ព័ន្ធនឹងជម្ងឺទូទៅមួយចំនួន ដែលតម្រូវឲ្យអ្នកទៅជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជម្ងឺទូទៅ។

ប្រសិនបើមូលហេតុបង្កឡើងពីបញ្ហានៅក្នុងមាត់ ទន្តបណ្ឌិតនឹងជួយដោះស្រាយរកវិធីព្យាបាល ព្រមទាំងណែនាំអ្នកធ្វើការកោសសម្អាតបាក់តេរីនៅលើគល់អណ្តាត រួមជាមួយនឹងការប្រើប្រាស់នូវទឹកខ្ពុរមាត់ ដែលគ្មានជាតិអាល់កុលបន្ថែមទៀត នោះបញ្ហាក្លិនមាត់របស់អ្នកនឹងអាចកាត់បន្ថយបានច្រើន។

ហេតុនេះហើយប្រសិនបើលោកអ្នកមានបញ្ហាក្លិនមាត់មិនល្អ ហើយចង់រកវិធីដើម្បីដោះស្រាយ រំចង់ មានផ្ដល់ជូនការពិនិត្យ និង ពិគ្រោះយោបល់ដោយឥតគិតថ្លៃ។

សម្រាប់ការណាត់ជួបសូមទំនាក់ទំនងមកលេខទូរសព្ទ័ 069 811 338
ឬអីម៉ែលមកកាន់ contact@roomchang.com