ចាប់តាំងពីឆ្នាំ២០០៧មក បុគ្គលិករំចង់ បានចំណាយពេលវេលារបស់ខ្លួន ដើម្បីផ្ដល់សេវាពេទ្យធ្មេញដោយមិនយកប្រាក់ពីប្រជាពលរដ្ឋជាច្រើន នៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស។

ក្រុមទន្តបណ្ឌិត ក្រុមជំនួយការទន្តបណ្ឌិត និងក្រុមគាំទ្របានសហការគ្នាក្រោមបេសកកម្មគ្លីនីកចល័តរបស់ រំចង់ ចុះទៅដល់ខេត្តព្រះសីហនុ កំពង់ស្ពឺ កំពង់ចាម និងខេត្តដទៃទៀត ក្នុងការព្យាបាលជូនប្រជាពលរដ្ឋក្រីក្រ និងកុមារចាប់ពី​ ១០០ ទៅ​ ២០០ នាក់ ក្នុងមួយថ្ងៃ។ លើសពីនេះ នៅក្នុងដំណើរទៅកាន់ខេត្តព្រះវិហារ ក្រុមការងារយើងខ្ញុំក៏បានធ្វើការព្យាបាលមាត់ធ្មេញដល់កងយុទ្ធជនកម្ពុជានៅតាមបណ្ដាព្រំដែន កម្ពុជា-ថៃ​ ដោយសម្រាកនៅក្នុងព្រៃ​ជាមួយកងទ័ពកម្ពុជាក្នុងដំណើរការព្យាបាលនោះ។

ក្នុងដំណើរទៅកាន់បណ្ដាខេត្តទាំងនោះ បុគ្គលិករំចង់ បានផ្តល់សេវាពេទ្យធ្មេញដូចជា វះកាត់ ដកថ្គាមទាល់ ការដាក់ និងការប៉ះធ្មេញជាដើម។ សម្រាប់អ្នកជំងឺដែលទន្តបណ្ឌិតពិនិត្យឃើញថា ពួកគាត់មានបញ្ហាមាត់ធ្មេញត្រូវព្យាបាលជាជាងទុកឲ្យពួកគាត់បន្តប្រឈមបញ្ហាទាំងនេះ ព្រោះធម្មតាពួកគាត់កម្រទៅរកសេវាពេទ្យធ្មេញណាស់។ យោងទៅតាមប្រសាសន៍របស់ លោកទន្តបណ្ឌិត​ ទិត ហុងយឺ អគ្គនាយក មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ បានឲ្យដឹងថា គោលដៅសំខាន់របស់ក្រុមការងារ រំចង់ គឺផ្ដោតខ្លាំងទៅលើសុខភាពមាត់ធ្មេញរបស់កុមារ។

លោកទន្តបណ្ឌិត ទិត​ ហុងយឺ មានប្រសាសន៍ថា “យើងបានផ្តល់ការអប់រំសុខភាពមាត់ធ្មេញ ដល់កុមារជាច្រើន ហើយ រំចង់ តែងតែផ្តល់ឱកាសដល់និស្សិតទន្តពេទ្យ ឆ្នាំបញ្ចប់ការសិក្សា ឲ្យមកចូលរួមដំណើរបេសកកម្មជាមួយបុគ្គលិក រំចង់ ដើម្បីផ្តល់ការបណ្ដុះបណ្តាលបន្ថែមដល់ពួកគាត់ ក៏ដូចជាបង្កើនលទ្ធភាពផ្តល់សេវាពេទ្យធ្មេញដល់ទីជនបទផងដែរ”។

លោកទន្តបណ្ឌិតក៏បានបន្តទៀតថា “​​និស្សិតទន្តពេទ្យទទួលបានចំណេះដឹង និងការអនុវត្តជាក់ស្តែងក្រោមការគ្រប់គ្រង និងដំបូន្មានល្អៗ ពី ទន្តបណ្ឌិត រំចង់ ទាក់ទងទៅនឹងការអនុវត្តជាក់ស្ដែងរបស់ពួកគេផងដែរ​​​​​​​​​​​​​​​​​​​​​” ។​ កម្មវិធីស្ម័គ្រចិត្តនេះ ក៏ជាការអនុវត្តន៍មួយរបស់ រំចង់ ក្នុងការបំពេញតាមគោលដៅរបស់ លោកទន្តបណ្ឌិត ទិត ហុងយឺ ដែលលោកចង់ឲ្យមានការពង្រឹងគុណភាពលើការបណ្តុះបណ្ដាល និងសេវាទន្តសាស្រ្តនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។

 

វិភាគទានរបស់រំចង់វិភាគទានរបស់រំចង់Roomchang gives back Roomchang-520x349