សំនួរចំលើយ

ជម្ងឺអញ្ចាញធ្មេញ

សំណួរ: ពេលខ្លះអញ្ចាញធ្មេញរបស់ខ្ញុំចេញឈាម។ តើវាបញ្ជាក់ថាខ្ញុំមានជម្ងឺអញ្ចាញធ្មេញឬ ?

ចម្លើយ:

បើសិនជាអញ្ចាញធ្មេញរបស់អ្នកចេញឈាម អ្នកប្រហែលជាមានជំងឺអញ្ចាញធ្មេញ ហើយបើសិនអញ្ចាញធ្មេញរបស់អ្នកឈឺ ក៏បញ្ជាក់ថាអ្នកមានបញ្ហាអញ្ចាញធ្មេញដែរ។ ដើម្បីបញ្ចាក់ឲ្យបានច្បាស់ អ្នកគួរទៅជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យមើល។ ដូច្នេះក្នុងករណី ដែលឈាមអញ្ចាញធ្មេញដោយសារតែរលាកអញ្ចាញធ្មេញ (Gingivitis) វាងាយស្រួលក្នុងការព្យាបាល
ដោយគ្រាន់តែលាងសម្អាតធ្មេញនៅមន្ទីរពេទ្យធ្មេញ និងធ្វើអនាម័យមាត់ធ្មេញអោយបានល្អ។ ពេលខ្លះទៀតវាអាចធ្ងន់ធ្ងរជាង ក្នុងករណីដែលឈាមអញ្ចាញធ្មេញ ហើយស្រកឆ្អឹងទៀត (Periodontitis) ។

សំណួរ: តើការរលាកអញ្ចាញធ្មេញ (Gingivitis) និង ការហូរឈាមតាមអញ្ចាញធ្មេញហើយស្រកឆ្អឹង (Periodontitis) ខុសគ្នាដូចមេ្តច ?

gingivitis-vs-periodontitis_kh

ចម្លើយ:

ការរលាកអញ្ចាញធ្មេញ (Gingivitis) និង ការហូរឈាមតាមអញ្ចាញធ្មេញហើយស្រកឆ្អឹង (Periodontitis) ជាជម្ងឺអញ្ចាញធ្មេញពីរប្រភេទខុសគ្នា ដែល Gingivitis តំណាងអោយដំណាក់កាលដំបូង និង Periodontitis ជាដំណាក់កាលធ្ងន់ធ្ងរ ។ ក្នុងដំណាក់ជម្ងឺអញ្ចាញធ្មេញឡើងក្រហម ហើម ហើយចេញឈាម ដែលគេហៅថា Gingivitis វាអាចត្រឡប់ មករកសភាពដើមវិញដោយគ្រាន់តែសម្អាតធ្មេញ និងធ្វើអនាម័យមាត់ធ្មេញអោយស្អាត។ ផ្ទុយទៅវិញ បើគ្មានការយកចិត្តទុកដាក់ត្រឹមត្រូវ Gingivitis (ការរលាកអញ្ចាញធ្មេញ) អាចវិវត្តទៅដំណាក់កាលធ្ងន់ធ្ងរដែលហៅថា Periodontitis (ការហូរឈាមតាមអញ្ចាញធ្មេញហើយស្រកឆ្អឹង) ។ ក្នុងករណីនេះ អញ្ចាញធ្មេញមិនត្រឹមតែចេញឈាមទេ ប៉ុន្តែអញ្ចាញស្រក ធ្មេញរង្គើ និង ធ្វើអោយធ្មេញជ្រុះក៏មានដែរ។ ដើម្បីព្យាបាលជម្ងឺអញ្ចាញ ប្រភេទនេះ យើងត្រូវទៅជួបគ្រូពេទ្យធ្មេញដើម្បីសម្អាតធ្មេញ និងកោសសម្អាតឬសធ្មេញផងដែរ។ ជាមួយគ្នានេះត្រូវមកពិនិត្យធ្មេញអោយបានទៀងទាត់ និងធ្វើអនាម័យមាត់ធ្មេញអោយបានល្អ។

សំណួរ: ខ្ញុំតែងតែសម្អាតធ្មេញដោយប្រើច្រាស និងខ្សែទាក់តាមចន្លោះធ្មេញ ប៉ុន្តែហេតុអ្វីខ្ញុំនៅតែមានជម្ងឺអញ្ចាញធ្មេញ ?

ចម្លើយ:

ពីព្រោះមានកត្តាច្រើនទៀត ដែលបង្កអោយមានជម្ងឺអញ្ចាញធ្មេញ ក្រៅពីមិនដុសសម្អាតធ្មេញ មិនប្រើខ្សែទាក់តាមចន្លោះធ្មេញ និងមិនមកពិនិត្យធ្មេញអោយបានទៀងទាត់ ដូចជាទាក់ទងហ្សែន បំរែបំរួលអរម៉ូន ជម្ងឺទឹកនោមផ្អែម ការមានផ្ទៃពោះ ការជក់បារី និងភាពមិនអឹបល្អនៃធ្មេញ​សិប្បនិម្មិតក្នុងមាត់ ។

សំណួរ: តើការសម្អាតធ្មេញ និងកោសសម្អាតឬសធ្មេញជាអ្វី (Scaling & Root Planning) ?

ចម្លើយ:

ការសម្អាតធ្មេញ (Scaling) និងការកោសសម្អាតឬសធ្មេញ (Root Planning) ជាប្រភេទនៃការព្យាបាលជម្ងឺអញ្ចាញមុនវិវត្តទៅដំណាក់កាលធ្ងន់ធ្ងរ (Periodontitis)។ វាជាវិធីព្យាបាលមួយដែលប៉ះពាល់ដល់អញ្ចាញតិចតួចបំផុត ព្រោះពុំចាំបាច់ធ្វើការវះកាត់ ហើយការព្យាបាលនេះ គឺគ្រាន់តែប្រើម៉ាស៊ីនដែលធ្វើអោយរំញ័រ (Ultrasoric Scaler) នឹងសំភារៈដែលប្រើដោយដៃមួយចំនួន។ សំភារៈទាំងនេះ ប្រើដើម្បីសម្អាតធ្មេញ និងយកចេញនូវកំបោរធ្មេញដែលស្ថិតនៅក្បែរអញ្ចាញធ្មេញ និង នៅលើឬសធ្មេញ ហើយក៏ប្រើដើម្បី អោយឬសធ្មេញរលោងកុំអោយជាប់មេរោគ។

សំណួរ: តើគេប្រើការវះកាត់ដើម្បីព្យាបាលជម្ងឺអញ្ចាញធ្មេញឬទេ ?

ចម្លើយ: ជាទូទៅ គេប្រើការវះកាត់ក្នុងករណីដែលជម្ងឺអញ្ចាញធ្មេញមិនជាសះស្បើយនៅពេលធ្វើ Scaling & Root Planning ។ ការវះកាត់គឺមាន ៤ ដំណាក់កាលគឺ៖

  • វិធីសាស្រ្តកាត់បន្ថយជំរៅ Pocket (Pocket Reduction)
  • វិធីសាស្រ្តបង្កើតជាលិកាឡើងវិញ (Regenerative Procedure)
  • វិធីសាស្រ្តបង្កើនប្រវែងតួធ្មេញ (Crown Lengthening)
  • វិធីសាស្រ្តបណ្តុះជាលិកាទន់ឡើងវិញ (Soft tissue graft)